១០ប្រទេសមានចំនួនអ្នកប្រើអ៊ីនធឺណិតច្រើនជាងគេ កម្ពុជាជាប់លេខ ១២១ ឆ្នាំ២០១៤
អ៊ីនធឺណិត គឺជាបច្ចេកវិទ្យាមួយដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍដល់មនុស្ស សង្គម ក៏ដូចជាប្រទេសជាតិទាំងមូល ក្នុងការជំរុញវិស័យនានា ជាពិសេសទៅលើការសិក្សាស្រាវជ្រាវ។ ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតលើសកលលោកកើនឡើងឥតឈប់រាល់វិនាទី ខណៈដែលបច្ចុប្បន្ន មានអ្នកប្រើប្រាស់ជាង ២,៩២៤ពាន់លាននាក់ (user)។ នេះដោយផ្នែកតាមគេហទំព័រ internetlivestats។
ស្រប ពេលដែលអ៊ីនធឺណិតកំពុងដើរតួនាទីសំខាន់ ចំនួនអ្នកប្រើអ៊ីនធឺណិតនៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍ ក៏បានកើនឡើងគួរកត់សម្គាល់ផងដែរ។ គិតក្នុងឆ្នាំ២០១៤ នេះ កម្ពុជាបានជាប់លេខរៀងទី១២១ ក្នុងចំណោមប្រទេសនិងតំបន់១៩៨ ដែលមានចំនួនអ្នកប្រើសរុប ៨២៨ ៣១៧ User ក្នុងចំណោមប្រជាជនកម្ពុជាសរុបជាង ១៥,៤០៨លាននាក់។ អត្រាកើនឡើងនៃអ្នកប្រើមាន ១០% ។
១- ចិន អ្នកប្រើ ៦៤១.៦០១.០៧០
២- អាមេរិក ២៧៩.៨៣៤.២៣២
៣- ឥណ្ឌា ២៤៣.១៩៨.៩២២
៤- ជប៉ុន ១០៩.២៥២.៩១២
៥- ប្រេស៊ីល ១០៧.៨២២.៨៣១
៦- រុស្សី ៨៤.៤៣៧.៧៩៣
៧-អាល្លឺម៉ង់ ៧១.៧២៧.៥៥១
៨- នីហ្សេរីយ៉ា ៦៧.១០១.៤៥២
៩- អង់គ្លេស ៥៧.០៧៥.៨២៦
១០- បារាំង ៥៥.៤២៩.៣៨២
បញ្ជាក់៖ តួលេខខាងលើនេះគឺជាការវាយតម្លៃប្រមាណរបស់សហភាពទូរគមនាគមន៍ អន្តរជាតិ (ITU), នាយកដ្ឋានចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិ (United Nations Population Division), សមាគមអ៊ីនធឺណិត និងទូរស័ព្ទចល័តនៃប្រទេសឥណ្ឌា (IAMAI)និងធនាគារពិភពលោក។
អ្នកប្រើអ៊ីនធឺណិតគឺ មិនរាប់អាយុ ពោលគឺឱ្យតែនៅផ្ទះមានភ្ជាប់អ៊ីនធឺណិត ឬការប្រើឧបករណ៍ដូចជា កុំព្យូទ័រ ឬទូរស័ព្ទ និងតំណភ្ជាប់តាមឧបករណ៍ផ្សេងៗទៀត។ គិតមកត្រឹមពេលនេះ ចំនួនគេហទំព័រសរុបទូទាំងសកលលោកមានជាង ៩៩១,២៤លាន។
បច្ចុប្បន្ន ប្រជាជនពិភពលោកជាង ៤០% មានអ៊ីនធឺណិតប្រើ ខណៈដែលកាលពីឆ្នាំ១៩៩៥ មានមិនដល់ ១%ផង៕
Comments